​​
​កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ ព្រោះប្រើប្រាស់កាំភ្លើងគ្មានលិខិតអនុញ្ញាតិ
ដោយ - Wed,06 November 2019 (Time 01:50 PM)

ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារ អំពៅ បានឃាត់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសម្នាក់ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បន្ទាប់ពីសមត្ថកិច្ច ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិស្រវឹង រកឃើញកាំភ្លើងខ្លីមួយដើមម៉ាកBerettaU.S.A គ្មានលិខិតអនុញ្ញាត ។
ក្នុងប្រតិបត្តិការខាងលើនេះ បានដឹកនាំដោយលោក ញាណ ចាន់សោភា នាយករដ្ឋបាលសាលាខណ្ឌ, លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងខណ្ឌ និងលោកអនុសេនីយ៍ឯក ព្រុំ រិទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កម្លាំងសរុប៧១នាក់ ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាក្រោយ ពីធ្វើការត្រួតពិនិត្យមានរថយន្តឆ្លងកាត់ចំនួន ៣០គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន៦០គ្រឿង (ដកហូតវិទ្យុទាក់ទង “GP៣០០” ១គ្រឿង ដែកបំពង់ទីប២ ដំបងឈើ១ និងត្រួតពិនិត្យម៉ូតូឆ្លងកាត់២៥០គ្រឿង ត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ម៉ូតូគ្មានពាក់មួកការពារសុវត្ថិភាព គ្មានកញ្ចក់ចំនួន ១៨គ្រឿង អប់រំនៅកន្លែង ។
ជាលទ្ធផលសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនមនុស្សម្នាក់ ឈ្មោះ លន់ សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអន្តរាគមន៍ពិសេស ស្នាក់នៅផ្ទះលេខD១៣Eo ផ្លូវ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងដកហូតវត្ថុតាងបាន៖ អាវុធខ្លី១ដើម ពណ៌ទឹកប្រាក់ ម៉ាកBerettaU.S.Aលេខ៦១០៨២៣ បង់២ គ្រាប់៥ ; កូនកាំបិត១ ; វិទ្យុទាក់ទង១គ្រឿង ម៉ាកMotorola MTS២៥០០ ព្រមទាំងរថយន្ត១គ្រឿងម៉ាក Lexus ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BB-0801 ។
ពាក់ព័ន្ធករណីចាប់ខ្លួនមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ពិសេសខាងលើនេះ លោក ម៉ៅ សឿត អធិការងខណ្ឌច្បារអំពៅ ទទួលផ្នែកព្រហ្មទណ្ឌ បានឆ្លើយតបតាមប្រព័ន្ធWhatapps នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា បច្ចុប្បន្នបុរសឈ្មោះ លន់ សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអន្តរាគមន៍ពិសេស កំពុងនៅក្នុងខណ្ឌច្បារអំពៅនៅឡើយ រង់ចាំថ្នាក់ធ្វើការនាំណែឬក៏មានវិធានការយ៉ាងម៉េចលោកមិនទាន់ដឹងនោះទេ ៕